អត្ថបទ និង រូបភាពដោយបុត្រាខ្មែរ https://botrakhmer.wordpress.com
ខ្មែរយើងទូទៅ មានគំនិតមួយថា អ្នកណាដែលស្រឡាញ់ ពេញចិត្ត ហើយផ្តល់តម្លៃដល់ខ្លួនឯង គឺជាមនុស្សស៊ីជោរ អួតក្អេងក្អាង។ តាមពិត អ្នកដែលព្យាយាម ធ្វើអ្វីៗអោយមានភាពអស្ចារ្យ ដើម្បីរង់ចាំការសរសើឯណោះទេ ដែលជាមនុស្សស៊ីជោរ អួតក្អេងក្អាង។ ការស្រឡាញ់ពេញចិត្ត និងការផ្តល់តម្លៃដល់ខ្លួនឯង គឺមានន័យថា យើងចេះគោរពខ្លួនឯង។ កាលណាយើង ចេះគោរពផ្តល់តម្លៃ និងស្រឡាញ់ខ្លួនឯង ទើបយើងអាច គោរពផ្តល់តម្លៃ និងស្រឡាញ់អ្នកដទៃទៅកើត។ យើងមិនអាចអោយទៅគេ នូវអ្វីដែលខ្លួនគ្មាននោះឡើយ។ រីឯការកំណត់តម្លៃរបស់ខ្លួន គឺយើងជាអ្នកកំណត់ ហើយប្រព្រឹត្តិខ្លួន អោយសមស្រប ទៅនឹងកម្រិតនៃការកំណត់តម្លៃខ្លួនឯង អោយបានខ្ជាប់ខ្ជួន។ បើយើងរង់ចាំ អោយអ្នកដទៃទទួលស្គាល់ ហើយកំណត់តម្លៃអោយយើងនោះ, តម្លៃនោះនឹងផ្លាស់ប្តូរគ្រប់គ្រា ទៅតាមការនឹកឃើញនៃគំនិត ដែលពោរពេញទៅដោយ ការវិនិច្ឆ័យដ៏លំអៀងរបស់គេ។ យើងធ្វើល្អមួយជីវិត ប៉ុន្តែភ្លាត់ស្នៀតមួយពេល អាចនឹងត្រូវគេដកហូតតម្លៃទាំងស្រុង សមនឹងភាសិតដែលចែងថា “គុណមួយសំពៅ ទោសមួយចូលទៅ រលាយបាត់បង់”។ មានតែខ្លួនយើងទេ ទើបអាចដឹងប្រាកដថា តម្លៃរបស់ខ្លួន ស្ថិតនៅកម្រិតណា។

អត្ថបទ និង រូបភាពដោយបុត្រាខ្មែរhttps://botrakhmer.wordpress.com
នៅគ្រាដែលយើងបាត់បង់ក្ដីសង្ឃឹម គឺជាចុងចប់នៃជីវិតរស់នៅ។ ចូររក្សាក្ដីសង្ឃឹម អោយនៅរស់រវើក។ រូបំ ទុក្ខំ មានរូបមានទុក្ខ ប៉ុន្តែគេក៏និយាយដែរថា អនិច្ចំ ដែលមានន័យថា មិនទៀង។ បើមានរូប មានទុក្ខ ហើយអ្វីៗមិនទៀង នោះក៏មានន័យថា យើងក៏មិនទៀង នឹងទុក្ខរហូតនោះដែរ។ ដរាបណាមានក្ដីសង្ឃឹម យើងនៅតែមានមធ្យោបាយ ស្វែងរកភាពរីករាយ — ទោះជាភាពរីករាយនោះ ស្ថិតនៅក្នុងក្ដីទុក្ខ ឬនៅខាងក្រៅ ដាច់ពីក្ដីទុក្ខក្ដី, គឺអាស្រ័យនៅលើ ឥរិយបទនៃការជ្រើសរើស របៀបឆ្លើយតប ទៅនឹងព្រឹត្តិការណ៍ ដែលកើតឡើងចំពោះយើង។ មូលហេតុមានច្រើន សម្រាប់ចិញ្ចឹមក្ដីសង្ឃឹម… មិនថា មូលហេតុនោះជាអ្វី . . . ចូររក្សាក្ដីសង្ឃឹម។

អត្ថបទ និង រួបភាពដោយបុត្រាខ្មែរ​​https://botrakhmer.wordpress.com

ពាក្យថា“ទទួលខុសត្រូវ” ពុំមែនមានន័យត្រឹមថា បើខ្លួនខុស ត្រូវហ៊ានទទួលខុស ឬបើខ្លួនត្រូវ ត្រូវទទួលត្រូវនោះទេ។ ខ្មែរសឹងតែទូទៅ សុទ្ធតែយល់ថា ខ្លួនមានការទទួលខុសត្រូវ តាមរយៈការច្រានចោល រុញដាក់អ្នកដទៃ ឬអ្វីផ្សេងទៅវិញ ពីព្រោះខ្លួនមិនបានធ្វើ គឺមិនមែនជាកំហុសខ្លួន (ដូចស្តេចសីហនុ បន្ទោសខ្មែរក្រហម)។ ឧទាហរណ៍ថា បើគេបើកឡាន ក្រឡាប់នៅត្រង់ផ្លូវកោងណាមួយ, គេមិនមែនជាអ្នកខុស ដោយសារខ្វះការប្រុងប្រយ័ត្នទេ គឺខុសមកពីផ្លូវកោងពេក ឬនៅកន្លែងហ្នឹងងងិតពេក។ បើអ្នកណាម្នាក់ ជិះម៉ូតូកាត់មុខរាងកៀកបន្តិច គេក្ដៅឆេវហើយតាមដេញបុក ឬតាមជេរបញ្ចោរ ឬគំរាមចាប់ដាក់គុក ហើយអ្នកដែលខុស មិនមែនមកពីខ្លួនឯង មិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនទេ, គឺមកពីគេធ្វើអោយខ្លួនខឹង។ ពាក្យថា “ទទួលខុសត្រូវ” គឺពុំមែនត្រឹមតែមានន័យថា ហ៊ានស៊ីហ៊ានសង, ហើយអ្វីដែលខ្លួនមិនបានធ្វើ បិទភ្នែកដើរចេញនោះទេ។ ឧបមាថា យើងកំពុងដើរនៅតាមផ្លូវ ឃើញកន្ទុយបារីនៅឆេះមួយ ដែលគេចោលលើគំនរសំរាម ហើយកំពុងចាប់ផ្ដើមឆេះ។ ការឆេះគំនរសំរាមនោះ មិនមែនជាកំហុសរបស់យើងទេ, ប៉ុន្តែបើយើងបានឃើញហើយ បែរជាធ្វើមិនដឹង សុខចិត្តបណ្ដោយ អោយឆេះកាន់តែខ្លាំង – ពីព្រោះខ្លួនមិនបានដុត – នោះបានន័យថា ខ្លួនជាមនុស្សខ្វះភាពទទួលខុសត្រូវហើយ, ដ្បិតអីនៅគ្រានោះ យើងមានឱកាស និងអំណាចចិត្តជ្រើសរើសពន្លត់ភ្លើងនោះ។ ដូច្នេះពាក្យថា “ទទួលខុសត្រូវ” គឺមានជាប់ទាក់ទង នឹងការមានចិត្តចេះឈឺឆ្អាល, ចេះការពារ, ចេះបង្ការឿងតូច កុំអោយក្លាយជារឿងធំ។ បើនៅក្នុងភាសាអង់គ្លេសវិញ គេហៅថា Responsibility (response+ability) មានន័យថា សមត្ថភាពមៃការឆ្លើយតប ឬភាពអាចឆ្លើយតប, ប៉ុន្តែខ្មែរយើង បកប្រែថា ការទទួលខុសត្រូវ ហើយបើយើងគិតតាមពាក្យ គឺមានត្រឹមតែ ទទួលខុស ឬទទួលត្រូវប៉ុណ្ណោះ។ ហេតុអ្វីបានជាក៏មិនហៅថា accept right and wrong តែម្ដងទៅ? ពីព្រោះការទទួលខុស ឬទទួលត្រូវ គឺគ្រាន់តែជាប្រតិកម្មប៉ុនណោះ។ អ្នកជេរខ្ញុំ (ខុស) ខ្ញុំជេរអ្នកវិញ (ត្រូវ) គឺមកពីអ្នកជេរខ្ញុំវិញ (ប្រតិកម្ម), ជេរទៅជេរមក, ដណ្ដើមយកត្រូវរៀងខ្លួន, រឿងតូច ក្លាយចារឿងធំ។ អ្វីដែលយើងធ្វើរាល់ថ្ងៃ ភាគច្រើនគឺគ្រាន់តែជាប្រតិកម្មប៉ុណ្ណោះ, ពុំមែនជាអ្វី ដែលយើងធ្វើឡើង ជាមួយនឹងលទ្ធភាពនៃការឆ្លើយតប។ លទ្ធភាពឆ្លើយតប ឬ responsibility គឺមានន័យថា ការឆ្លើយតបដោយភាពបរិសកម្ម, គឺមានន័យថា ពិចារណាមុននឹងធ្វើសកម្មភាព ដែលប្លែកគ្នាពីប្រតិកម្ម ម៉ាំងទៅម៉ាំងមក។

ចាបទុំ​លើ​ដើមឈើ មិន​ដែល​ខ្លាច​បាក់​មែកទេ ពីព្រោះ​ចាប​ជឿជាក់​លើ​សមត្ថភាព​នៃ​ស្លាបទាំងគូរ​របស់​ខ្លួន។ មនុស្ស​យើងក៏​ដូច្នោះដែរ គឺ​ត្រូវ​តែ​មាន​ជំនឿ​នឹង​ខ្លួន​ឯង។ ពាក្យថាមានជំនឿលើខ្លួនឯង មិនមែនមានន័យថាមិនជឿលើអ្នកដទៃនោះទេ ជឿលើខ្លួនឯងពីព្រោះ យើងបានត្រិះរិះពិចារណាឃើញថា បុគ្គលនោះមានលក្ខណៈសម្បត្តិ គុណសម្បត្ត អត្តចរិត និង ពាក្យសំដីគួរឱ្យជឿទុកចិត្តបាន មានន័យថាយើងជឿជាក់លើសមត្ថភាពក្នុងការវិនិច្ឆ័យរបស់យើងជាមុនសិន ។


 https://botrakhmer.wordpress.com/